យុវជនកម្ពុជាបង្ហាញគំនិតនវានុវត្តន៍ឆ្លើយតបនឹងគោលដៅទី៩ (SDG9) ក្នុងការប្រកួត YICMG 2026 ថ្នាក់ជាតិ | National University of Cheasim Kamchaymear
097 828 1168 info@nuck.edu.kh Kamchaymear, Cambodia Kampong Cham, Cambodia Prey Veng, Cambodia
NUCK Logo
ព័ត៍មានសាលា

យុវជនកម្ពុជាបង្ហាញគំនិតនវានុវត្តន៍ឆ្លើយតបនឹងគោលដៅទី៩ (SDG9) ក្នុងការប្រកួត YICMG 2026 ថ្នាក់ជាតិ

April 07, 2026 1 min read 485 views
យុវជនកម្ពុជាបង្ហាញគំនិតនវានុវត្តន៍ឆ្លើយតបនឹងគោលដៅទី៩ (SDG9) ក្នុងការប្រកួត YICMG 2026 ថ្នាក់ជាតិ
Share:
485 views

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦
ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៩ (SDG9) បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងការប្រកួតប្រជែងនវានុវត្តន៍យុវជនស្តីពី អភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ (YICMG) ឆ្នាំ២០២៦ វគ្គជម្រុះថ្នាក់ជាតិ ដែលបានបិទបញ្ចប់យ៉ាងស្វិតស្វាញកាលពីរសៀលថ្ងៃទី០៧ ខែមេសា នេះ នៅអគារមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានប្រមូលផ្តុំក្រុមនិស្សិតឆ្នើមចំនួន ១១ ក្រុម មកពីសាកលវិទ្យាល័យរដ្ឋចំនួន ៥ ទូទាំងប្រទេស រួមមាន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (NUCK), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), សាកលវិទ្យាល័យក្រចេះ (UK) និង សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (UHST)។

ការប្រកួតឆ្នាំនេះ ផ្តោតសំខាន់លើប្រធានបទ "ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ (SDG9)"។ តាមរយៈការតម្រង់ទិសនេះ គេសង្កេតឃើញថា និស្សិតលែងសូវផ្តោតលើគម្រោងអាជីវកម្មលក់ដូរបែបប្រពៃណីទៀតហើយ តែពួកគេបានងាកមកប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ (IoT) និងកម្មវិធីទូរស័ព្ទ (Mobile Apps) ដើម្បីដោះស្រាយបញ្ហាធំៗក្នុងតំបន់។

ដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធឌីជីថលទាញយកចំណាប់អារម្មណ៍គណៈកម្មការ
ជារួម គម្រោងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីគណៈកម្មការវាយតម្លៃ គឺជាគម្រោងដែលបានបង្ហាញពីដំណោះស្រាយជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ ក្នុងនោះមានដូចជា ការបង្កើតកម្មវិធីទូរស័ព្ទដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមអនឡាញ ដែលចូលរួមចំណែកដោយផ្ទាល់ដល់ "សន្តិសុខហេដ្ឋារចនាសម្ព័ន្ធឌីជីថល"។ ទន្ទឹមនឹងនេះ ក៏មានការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា IoT និងហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure) ដើម្បីជួយដល់កសិករចិញ្ចឹមត្រី និងការដាំដុះក្នុងតំបន់ទន្លេមេគង្គផងដែរ។

លោកសាស្ត្រាចារ្យ ឈុន ហុក តំណាងគណៈកម្មការរៀបចំកម្មវិធី បានមានប្រសាសន៍ក្នុងពិធីបិទកម្មវិធីថា៖ "ទោះបីជាលទ្ធផលចុងក្រោយយ៉ាងណាក៏ដោយ បេក្ខជនទាំងអស់សុទ្ធតែជាអ្នកច្នៃប្រឌិតឆ្នើម។ គំនិតរបស់ពួកគាត់ថ្ងៃនេះ អាចនឹងក្លាយជាដំណោះស្រាយពិតប្រាកដក្នុងការអភិវឌ្ឍសង្គម និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅថ្ងៃស្អែក។"
បច្ចុប្បន្ន របាយការណ៍វាយតម្លៃកំពុងត្រូវបានរៀបចំចងក្រង ដើម្បីបញ្ជូនទៅកាន់គណៈកម្មការកណ្តាលនៃកម្មវិធី YICMG នៅប្រទេសចិន ធ្វើការផ្ទៀងផ្ទាត់ និងសម្រេចចុងក្រោយ។ ក្រុមដែលទទួលបានការអនុម័ត នឹងត្រូវកក់កៅអីតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់មេគង្គ ក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ ដែលលទ្ធផលផ្លូវការរំពឹងថានឹងត្រូវប្រកាសនៅចុងខែមេសានេះ។

Gallery

Gallery image
Gallery image
Gallery image
Gallery image
Gallery image
Gallery image

Related Posts

View All
Link copied!