សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យជាតិជាសុីមកំចាយមារ (NUCK) ដែលជាស្ថាប័នអប់រំមួយ ស្ថិតនៅក្នុងស្រុកកំចាយមារហើយមានប្រវត្តិសាស្ត្រដ៏យូរលង់។ បង្កើតឡើងក្នុងឆ្នាំ១៩៩៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិជំនួយពីអូស្ត្រាលីសម្រាប់កម្ពុជា។ ការបង្កើតសាកលវិទ្យាល័យនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឥស្សរជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង។ សាកលវិទ្យាល័យនេះប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងមានប្រវត្តិសាស្ត្រយ៉ាងជាក់លាក់ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់ឱកាសដល់សិស្សដែលបញ្ចប់ការសិក្សា ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតាមជនបទ ឱ្យមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ស្ថិតក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យយើងតែងតែប្រកាន់ខ្ជាប់លើការផ្តល់គុណភាពអប់រំ។
កម្មវិធីសិក្សារបស់យើងបានបញ្ចូលគ្នារវាងចំណេះដឹងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ដើម្បីត្រៀមឱ្យនិស្សិតមានសមត្ថភាពសម្រាប់អនាគត។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហគ្រាស និងសហគមន៍ យើងធានាបានថាកម្មវិធីសិក្សាមានពាក់ព័ន្ធទៅនឹងតម្រូវការការងារបច្ចុប្បន្ន។
សាកលវិទ្យាល័យជាតិជាសុីមកំចាយមារ មានមោទនភាពលើនិស្សិតដែលបានបញ្ចប់ការសិក្សា និងក្លាយជាអ្នកដឹកនាំក្នុងវិស័យផ្សេងៗ ឬអ្នកច្នៃប្រឌិតក្នងផ្នែកអាជីវកម្ម។ ការចូលរួមរបស់គ្រូបង្រៀន ដែលពោរពេញដោយបទពិសោធ និងបរិក្ខារបច្ចេកទេសទំនើប បានបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ។
ឯកឧត្តម បណ្ឌិត សិត ខន
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ